សារអេឡិចត្រូនិច
រថយន្ត​គំរូ Aicon របស់​ក្រុមហ៊ុន Audi អ្វី​ៗ​គឺ​សុទ្ធតែ​ស្វ័យប្រវត្តិ​ទាំងអស់


នៅ​ឯ​ពិព័រណ៍​រថយន្ដ​នៅ​ទីក្រុង​ហ្វ្រែ​ង​ហ្វើ​ត ក្រុមហ៊ុន Audi បាន​បង្ហាញ​រថយន្ត​គំរូ Aicon ដែល​ជា​រថយន្ត​ស្វ័យប្រវត្តិ​ទាំងស្រុង​។ ម៉ូត​រថយន្ត​គំរូ​នេះ បង្ហាញ​ពី​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​អំពី​ពិភពលោក​មួយ ដែល​ការ​បើកបរ​គឺ​គ្មាន​ចង្កូត គ្មាន​ឈ្នាន់ ឬ ភាព​តានតឹង​ពេល​បើកបរ​នោះ​ឡើយ​។

ប្រភេទ​រថយន្ត​អគ្គិសនី (EV) ស្វ័យប្រវត្តិ​នេះ​នឹង​មាន​រយៈ​ចម្ងាយ​បើកបរ​បាន​រហូត​ដល់ ៨០០ គីឡូម៉ែត្រ ។ វា​ក៏​មាន​ផ្ទៃ​ខាងក្នុង​ដ៏​ប្រណិត​ផង​ដែរ (​ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​ប្រៀបធៀប​វា​ទៅ​កន្លែង​អង្គុយ​លំដាប់ថ្នាក់​ទី​១​លើ​យន្តហោះ​) ដែល​រួម​បញ្ចូល​ទាំង​កៅអី​ប្រភេទ Swivel ដែល​អាច​អែន​ទៅ​ក្រោយ​បាន និង​បំពាក់​ជាមួយ​អេ​ក្រង់​ប្រភេទ Touch ថែម​ទៀត​។ រថយន្ត​នេះ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​បើកបរ​ចម្ងាយ​ឆ្ងាយ ឬ​សម្រាប់​បើកបរ​លំហែ​កម្សាន្ត​ឆ្លងកាត់​តាម​ទី​ជនបទ​នានា​។

ដើម្បី​រក្សា​ការ​ជូនដំណឹង​ដល់​លោក​អ្នក រថយន្ត Aicon ក៏​ប្រើប្រាស់​ជំនួយការ​បំពាក់​បច្ចេកវិជ្ជា​ខួរក្បាល​សិប្បនិម្មិត (AI) របស់​ក្រុមហ៊ុន Audi ផង​ដែរ ដើម្បី​ជូនដំណឹង​អំពី​សេវាកម្ម​នានា​មុន​ពេល​អ្នកដំណើរ​សួរ​រក​សេវា​ទាំងនោះ ដោយ​ផ្អែក​លើ​ស្ថានភាព​និង​ការ​សិក្សា​ប្រវត្តិសាស្ត្រ​។ ប៉ុន្តែ​នោះ​នៅ​មិន​ទាន់​អស់​នៅឡើយ​ទេ​។ រថយន្ត​នេះ​ក៏​មាន​ភ្នែក​តាមដាន​ផង​ដែរ ជាមួយ​ការ​បញ្ជា​ដោយ​ប្រើ​សំឡេង និង​កាយវិការ​។

ក្រុមហ៊ុន​នេះ​ក៏​ប្រមើល​មើលឃើញ​ពិភពលោក​ពោរពេញ​ទៅ​ដោយ​រថយន្ត​បំពាក់​ឧ​បករ​ណ៏ Sensor ដ៏​សម្បើម​ដើម្បី​បញ្ជៀ​សការ​បុក​គ្នា​ជាមួយ​រថយន្ត​ដទៃ និង​ឧបសគ្គ​នានា បាន​យ៉ាង​ល្អ​បំផុត រហូត​ដល់​ថ្នាក់​សឹងតែ​អាច​និយាយ​បាន​ថា​នឹង​លែង​មាន​ប្រព័ន្ធ​ខ្សែក្រវាត់​សុវត្ថិភាព​តទៅ​ទៀត​។ ជា​ការ​ពិត នោះ​គឺ​ដោយសារ​រថយន្ត​នេះ​មាន​សុវត្ថិភាព​ទាំងស្រុង ។

ទោះ​យ៉ាងណា គេ​មិន​ពិបាក​ក្នុង​ការ​ស្រមៃ​មើល​ពិភពលោក កន្លែង​ដែល​រថយន្ត​ស្វ័យប្រវត្តិ​ទំនើប​ៗ​ផ្តល់​ជូន​នូវ​ប្រណិត​ភាព​ដូច​គ្នា​ដល់​មនុស្ស ដែល​ជិះ​យន្តហោះ​ថ្នាក់​ទី​១ និង​មាន​បណ្ណ AMEX Black Card​។ រថយន្ត Aicon ហាក់ដូចជា​រឿងប្រឌិត​បែប​វិទ្យាសាស្ត្រ​នៅ​ថ្ងៃនេះ ប៉ុន្ដែ​ក្នុង​រយៈពេល​ពីរ​បី​ទសវត្សរ៍​ទៀត រថយន្ត​នេះ​អាច​ជា​របៀប​ដែល​អ្នកមាន​ស្តុកស្តម្ភ​ជិះ​វា​ធ្វើ​ទេសចរណ៍​ទស្សនា​តំបន់​ជនបទ​ជាក់​ជា​មិន​ខាន​៕