សារអេឡិចត្រូនិច
ក្រសួងការបរទេស​ក​ម្ពុ​ជា បំភ្លឺ​រឿង​នាវា​ដឹកទំនិញ​បំពាក់​ទង់ជាតិ​កម្ពុជា ផ្ទុក​កាំភ្លើង​បាញ់​រ៉ុ​ក​កែ​ត​ជាង​៣​ម៉ឺន​ដើម​


ក្រសួងការបរទេស​កម្ពុជា បាន​ធ្វើការ​បំភ្លឺ​ពាក់ព័ន្ធ​ករណី​នាវា​ដឹក​ទំនិញ​ឈ្មោះ Jie Shun បំពាក់​ទង់ជាតិ​កម្ពុជា ធ្វើ​ដំណើរ​ចេញពី​កូរ៉េ​ខាងជើង ត្រូវ​បាន​គយ​អេ​ហ្ស៊ី​ប​ចាប់ និង​រក​ឃើញ​កាំភ្លើង​បាញ់​រ៉ុ​ក​កែ​ត​ជាង ៣០.០០០​ដើម ដែល​ផ្ទុក​នៅ​ក្នុង​នាវា​នោះ គឺ​ការ​ប្រើប្រាស់​ទង់ជាតិ​កម្ពុជា​ដោយ​ខុសច្បាប់​។

ការ​បំភ្លឺ​នេះ គឺ​បន្ទាប់​ពី​កាសែត Washington Post ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៧ បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណងជើង "A North Korean ship was seized off Egypt with a huge cache of weapons destined for a surprising buyer" ក្នុង​នោះ​បាន​រាយការណ៍​ថា “…​នាវា​អា​ថ​កំបាំង​មួយ​កំពុង​ធ្វើ​ដំណើរ​សំដៅ​ព្រែកជីក Suez​។ នាវា​ដឹក​ទំនិញ​ឈ្មោះ Jie Shun បំពាក់​ទង់ជាតិ​កម្ពុជា តែ​បាន​ធ្វើ​ដំណើរ​ចេញពី​កូរ៉េ​ខាងជើង​…" និង​ថា​គយ​របស់​អេ​ហ្ស៊ី​ប “​បាន​ឆែកឆេរ​នាវា និង​បាន​រក​ឃើញ​កាំភ្លើង​បាញ់​រ៉ុ​ក​កែ​ត​ជាង ៣០.០០០ ដើម ដែល​លាក់​នៅ​ក្នុង​នាវា​នោះ​" ។

អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ធ្វើការ​បំភ្លឺ ដូច​ខាងក្រោម​៖
 
១. យោង​តាម​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ការ​ចុះបញ្ជី​នាវា​សញ្ជាតិ​កម្ពុជា នៅ​ក្នុង​លិខិត​លេខ No.966 LI/OCM ចុះ​ថ្ងៃ​ទី ២៧ ខែសីហា ឆ្នាំ​២០១៥ បាន​ជូនដំណឹង​ដល់​ប្រធាន​ក្រុមហ៊ុន​ចុះបញ្ជី​នាវា​អន្តរជាតិ​កម្ពុជា (ISROC) ថា ដើម្បី​ការពារ​កិត្តិនាម និង​កិត្តិយស​នៃ​ទង់ជាតិ​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បញ្ចប់​កុងត្រា​ជាមួយ ISROC ក្នុង​ឋានៈ​ជា​រដ្ឋបាល​គ្រង់​គ្រង់​តែ​មួយ និង​ផ្តាច់មុខ ក្នុង​ការ​ចុះបញ្ជី​នាវា​នៅ​កម្ពុជា និង​បាន​ស្នើ ISROC បញ្ឈប់​ការ​ចុះបញ្ជី​នាវា​បំពាក់​ទង់ជាតិ​កម្ពុជា​តទៅ​ទៀត​។

២.​លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្នុង​លិខិត​លេខ No. 045 MPWT ចុះ​ថ្ង​ទី ១៧ ខែសីហា ឆ្នាំ​២០១៦ បាន​ជូនដំណឹង​ដល់​អគ្គលេខាធិការ​នៃ​អង្គការ​សមុទ្រ​អន្តរជាតិ ថា "​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បិទ​បញ្ឈប់​ការ​ចុះបញ្ជី​នាវា ចាប់ពី​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៥​។ ដើម្បី​សម្រួល​ដល់​ម្ចាស់​នាវា ដែល​នាវា​របស់​ខ្លួន​មាន​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជាមួយ​ទង់ជាតិ​កម្ពុជា​នៅ​មាន​សុពលភាព យើង​អនុញ្ញាត​ឲ្យ​នាវា​ទាំងនោះ ធ្វើ​ប្រតិបត្តិការ​ក្រោម​ទង់ជាតិ​កម្ពុជា រហូត​ដល់​ថ្ងៃ​វិ​ញ្ញាប​ន​ប័ត្រ​ទាំងនោះ អស់​សុពលភាព គឺ​នៅ​ចុងខែ​សីហា ឆ្នាំ​២០១៦​។ នាវា​ទាំងឡាយ​ណា ដែល​អះអាង​ថា​ស្ថិត​ក្រោម​ទង់ជាតិ​កម្ពុជា ក្រោយ​ថ្ងៃ​អស់​សុពលភាព​នេះ ត្រូវ​បាន​ចាត់​ទុក​ថា​ខុសច្បាប់ និង​អាច​ត្រូវ​បាន​ដាក់ទោស​ដោយ​ច្បាប់ និង​បទបញ្ញត្តិ​អន្តរជាតិ​" ។

៣. ម្យ៉ាងទៀត ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តាម​រយៈ​កំណត់​ទូត​លេខ No. 889 MFA-IC/LC5 ចុះ​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៦ បាន​ជូនដំណឹង​ដល់​ស្ថានទូត​នៃ សាធារណៈរដ្ឋ​កូរ៉េ​នៅ​ភ្នំពេញ ថា​នាវា​ចំនួន​៣​គ្រឿង របស់​ក្រុមហ៊ុន​កូរ៉េ​ខាងជើង​មួយ បំពាក់​ទង់ជាតិ​កម្ពុជា ត្រូវ​បាន​លុប​ចេញពី​បញ្ជី​ដោយ ISROC ស្រប​តាម​កថាខណ្ឌ​ទី ១៩ នៃ​សេចក្តីសម្រេច​លេខ ២២៧០ ចុះ​ថ្ងៃ​ទី ២ ខែ មីនា ឆ្នាំ​២០១៦ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។

៤. អាស្រ័យ​ហេតុនេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​បញ្ជាក់​ថា ការ​ប្រើប្រាស់​ទង់ជាតិ​កម្ពុជា​ដោយ​នាវា​ណា​ក៏​ដោយ រួម​ទាំង​នាវា​ដែល​បាន​លើក​ឡើង​ខាងលើ​នេះ គឺជា​ការ​ប្រើប្រាស់​ដោយ​ខុសច្បាប់​៕