សារអេឡិចត្រូនិច
ប្រជាជន​ហ្វីលីពីន​ភាគច្រើន​ជឿថា «​សង្គ្រាម​គ្រឿងញៀន​របស់លោក​ឌូ​ទើ​តេ សម្លាប់​តែ​អ្នកក្រ​»


ប្រជាជន​ហ្វីលីពីន​ភាគច្រើន​ជឿជាក់ថា សង្គ្រាម​បង្ហូរឈាម​បង្ក្រាប​គ្រឿងញៀន​របស់​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ សម្លាប់​តែ​អ្នកក្រ​ប៉ុណ្ណោះ ខណៈដែល​ក្រុម​អ្នកមាន​ដែលជា​អ្នកជួញដូរ​នោះ​មិនត្រូវ​បាន​គេ​សម្លាប់​ឡើយ​។ នេះ​បើ​ផ្អែក​តាម​របាយការណ៍​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ  Social Weather Stations ដែល​ត្រូវបាន​ចងក្រង​ឡើង​ចាប់ពី​ចុងខែ​មិថុនា​កន្លងមក​នោះ​។ មកដល់​ពេលបច្ចុប្បន្ន​នេះ ក្រុម​សិទ្ធិមនុស្ស​អះអាងថា អ្នកស្លាប់​ដោយសារ​សង្គ្រាម​គ្រឿងញៀន​នេះ​កើនឡើង​ដល់​ជាង ១៣០០០​នាក់ ខណៈដែល​រដ្ឋាភិបាល​អះ​អាង​ថា អ្នកស្លាប់​ត្រឹម​ជាង ៣០០០​នាក់​ប៉ុណ្ណោះ​។

​របាយការណ៍​ស្ទង់​មតិ​ថ្មី​មួយ​បាន​បង្ហាញថា ប្រជាជន​ហ្វីលីពីន ៦០​ភាគរយ​យល់ឃើញថា ប្រជាជន​ក្រីក្រ​ជា​អ្នក​ដែល​រងគ្រោះ​ខ្លាំងជាងគេ​ក្នុង​សង្គ្រាម​កម្ចាត់​គ្រឿងញៀន​របស់លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ កន្លងមក​។  របាយការណ៍​ថ្មី​នេះ​ត្រូវបាន​ចងក្រង​ឡើង​ដោយ​ស្ថាប័ន​ស្រាវជ្រាវ Social Weather Stations កាលពី​ចុងខែ​មិថុនា​មក​ចាប់ពី​ថ្ងៃ ២៣ ដល់​ថ្ងៃទី ២៦​។ មនុស្ស ១២០០​នាក់​ដែលមាន​វ័យ​ចាប់ពី ១៨ ឆ្នាំ​ត្រូវបាន​គេ​សម្ភាស​ផ្ទាល់មាត់​ថែមទៀត​ផង​។​

សារព័ត៌មាន​ហ្វីលីពីន Rappler បាន​ស្រង់​សម្តី​របាយការណ៍​នោះ​ថា ប្រជាជន​ចំនួន ៣៣​ភាគរយ​ជឿជាក់​ពេញទំហឹង ខណៈដែល ២៧ ភាគរយ​ទៀត​ឯកភាព​ថា ក្រុម​អ្នកមាន​ដែលជា​ឈ្មួញ​គ្រឿងញៀន​មិនត្រូវ​បាន​ប៉ូលិស​សម្លាប់​ឡើយ​។ ផ្ទុយទៅវិញ​មាន តែ​អ្នកក្រ​ប៉ុណ្ណោះ​ដែល​ត្រូវគេ​សម្លាប់​ដូច​សត្វ​ធាតុ​។​

​ដោយឡែក ប្រជាជន ២៣ ភាគរយ​ផ្សេងទៀត​មិន​ឯកភាព​ចំពោះ​ការ​លើកឡើងថា ប្រជាជន​ក្រីក្រ​ស្លាប់​ច្រើនជាង​អ្នកមាន​ក្នុង​សង្គ្រាម​គ្រឿងញៀន​នេះឡើយ​។ នៅសល់ ១៧​ភាគរយ​ផ្សេងទៀត​បានបញ្ជាក់​ថា ពួកគេ​មិនទាន់​សម្រេចចិត្ត​ច្បាស់​ឡើយ​ថា សង្គ្រាម​គ្រឿងញៀន​ជា​សង្គ្រាម​បែបណា​នោះទេ​។

​បើតាម​របាយការណ៍​ស្ទង់​មតិ​នេះ គេ​រកឃើញថា ប្រជាជន​ក្រីក្រ​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន​ដែល​ត្រូវបាន​គេ​សម្លាប់​មាន​ចំនួន ៧៥ ភាគរយ​មកពី​ក្រុង​ម៉ានីល ៥៩ ភាគរយ​មកពី Mindanao  ៥៨​ភាគរយ​មកពី Luzon និង ៥៣ ភាគរយ​មកពី Visayas​។

​តាមពិតទៅ សង្គ្រាម​បោសសម្អាត​គ្រឿងញៀន និង​កម្ចាត់​បទឧក្រិដ្ឋ​គឺ ជា​គោលនយោបាយ​ស្នូល​របស់លោក ឌូ​ទើ​តេ ក្នុងពេលដែល​លោក​ឃោសនាបោះឆ្នោត​នៅ​ឆ្នាំ ២០១៦​។ ប៉ុន្តែ​សង្គ្រាម​ម​នេះ​ចាប់ផ្តើម​រង​ការរិះគន់​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ និង​ប្រជាជន​ហ្វីលីពីន​ផងដែរ​ចាប់ពី​ខែសីហា ក្រោយ​ប៉ូលិស​បាញ់សម្លាប់​ក្មេងប្រុស​ពីរ​នាក់​នៅ​ខែសីហា​កន្លងមក​។

​ប្រជាជន​ហ្វីលីពីន​ខឹងសម្បារ និង​បាតុកម្ម​តវ៉ា បន្ទាប់ពី​ប៉ូលិស​ហ្វីលីពីន​បាន​បាញ់សម្លាប់​ក្មេងប្រុស​ម្នាក់​វ័យ ១៧ ឆ្នាំ​នៅ​ថ្ងៃ ១៦ ខែសីហា​។ សាក្សី​ដែល​ស្ថិតនៅ​កន្លែងកើតហេតុ​ក៏បាន​អះអាង​ប្រាប់​គណៈកម្មការ​ស៊ើបអង្កេត​របស់​សភា ប៉ូលិស​ក៏បាន​បាញ់សម្លាប់​ក្មេងប្រុស​ម្នាក់ទៀត​ដែរ ក្រោយពេល​ចាប់​ខ្លួនគេ​បាន​ដោយសារ​គេ​ពាក់ព័ន្ធ​ករណី​ប្លន់​។

​យ៉ាងណាមិញ ខាង​ប៉ូលិស​បាន​អះអាងថា ការបង្ក្រាប​គ្រឿងញៀន​ឈានដល់​ការបាញ់សម្លាប់​នេះ​វា​កើតឡើង​ដោយសារតែ​ជនល្មើស​បាន​តដៃ​ជាមួយ​ប៉ូលិស និង​មិន​ព្រម​ប្រគល់​ខ្លួន​តាម​សម្រួល​ប៉ុណ្ណោះ​។

​កន្លងមក ជារឿយ​ប៉ូលិស​ហ្វីលីពីន​រង​ការចោទប្រកាន់ថា​បានសម្លាប់​ជនសង្ស័យ​គ្រឿងញៀន​ក្នុងអំឡុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន បើទោះជា​ជន​នោះបាន​ប្រគល់​ខ្លួន​តាម​សម្រួល​ក៏ដោយ​។ គេ​ថែមទាំង​ចោទប្រកាន់​បន្ថែមទៀតថា ប៉ូលិស​បាន​ព្យាយាម​បង្កើត និង​ប្រឌិត​ភស្តុតាង​ក្នុងការ​បង្ក្រាប​បទឧក្រិដ្ឋ​នេះ​ដូចជា​ដាក់អាវុធ ដាក់​គ្រឿងញៀន​ឲ្យ​ជនសង្ស័យ​ដែល​ខ្លួន​បានសម្លាប់​នោះ​។

​មកដល់​ពេល​ប​ច្ច​ប្បន្ន​នេះ​ទិន្នន័យ​អ្នកស្លាប់​ដោយសារ​សង្គ្រាម​បង្ក្រាប​គ្រឿងញៀន​បង្ហូរឈាម​នេះ​នៅតែ​ចម្រូងចម្រាស​នៅឡើយ​។ ក្រុង​សកម្មជន​សិទ្ធិមនុស្ស​បានបង្ហាញ​ទិន្នន័យ​ថា អ្នកស្លាប់​ក្នុង​ប្រតិបត្តិការ​សង្គ្រាម​កម្ចាត់​គ្រឿងញៀន​កើតឡើង​ដល់​ជាង​១៣០០០​នាក់​ហើយ ប៉ុន្តែ​ខាង​ភ្នាក់ងារ​បង្ក្រាប​គ្រឿងញៀន​ហ្វីលីពីន​បានបង្ហាញ​ទិន្នន័យ​ដែល​បញ្ជាក់ថា មនុស្ស ៣៨១១ អ្នក​ប៉ុណ្ណោះ​ដែល​ត្រូវបាន​សម្លាប់​ដោយ​ប៉ូលិស​ក្នុងពេល​បង្ក្រាប​គ្រឿងញៀន​។

​តាមពិតទៅ តាំងពីដើម​មក ហ្វីលីពីន​មិនដែល​ទទួលយក​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ ឬ​ក្រុម​សិទ្ធិមនុស្ស​ឡើយ ពាក់ព័ន្ធ​សង្គ្រាម​បោសសម្អាត​គ្រឿង​ញ​ផន​នេះ​។ កាលពី​សប្តាហ៍​មុន រដ្ឋាភិបាល​ក្រុង​ម៉ានីល បាន​ចោទប្រកាន់​លោកខាងលិច​វិញ​ម្តង​ជុំវិញ​ការចេញ​របាយការណ៍​។ ហ្វីលីពីន​ចោទថា លោកខាងលិច​មាន​ភាព​លម្អៀង អនុវត្ត​ស្តង់ដារ​ច្រើន និង​ចូលចិត្ត​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​។ ការបង្ហាញ​យោបល់​របស់​ហ្វីលីពីន​នេះ​កើតឡើង​ក្រោយ​ពេលដែល​ប្រទេស ៣៩ ភាគច្រើន​សមាជិក​សហ​ភាព​អឺរ៉ុប​បង្ហាញ​ក្តីបារម្ភ​ច​ពោះ​ការសម្លាប់​មនុស្ស​ក្រោមលេស​បង្ក្រាប​គ្រឿងញៀន​ដែរ​៕

ប្រភព: thmeythmey.com