សារអេឡិចត្រូនិច
សម្តេច​តេ​ជោ បន្ត​ចុះ​ជួប​កម្មករ​ជាង​១​ម៉ឺន​នាក់ មកពី​រោងចក្រ​ចំនួន​១០ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ


ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​ប្រមាណ ១៤.០០០​នាក់ មក​ពី​រោង​ចំនួន​១០ នៅ​តំបន់​កំ​បូល​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្រេច​ជ្រើស​យក​ពីរ​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត ក្នុង​នោះ​ថ្ងៃអាទិត្យ ជួប​សំណេះសំណាល​ជាមួយ​តំណាង​របស់​កម្មករ និយោជិត ហើយ​ថ្ងៃ​ពុធ គឺ​សម្តេច​ចុះ​សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​កម្មករ និយោជិត​តែ​ម្តង​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា បើ​ទោះបី​រវល់​យ៉ាងណា​ក៏​ដោយ ក៏​សម្តេច​ត្រូវ​តែ​ចុះ​ជួប​កម្មករនិយោជិត​នៅ​គ្រប់កន្លែង​ទាំងអស់​។ ការ​ជួប​សំណេះសំណាល​នេះ ក្នុង​បំណង​ជំរុញ​នូវ​គោលនយោបាយ​ឧស្សាហកម្ម​ហើយ​ក៏​ដើម្បី​បានដឹង​បន្ថែម​ពី​សុខទុក្ខ​របស់​បងប្អូន​កម្មករ និយោជិត​ផង​ដែរ​។
 
សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​តំណាង​របស់​កម្មករ និយោជិត និង​ជួប​សំណេះសំណាល​ដោយ​ជាមួយ​កម្មករ កម្មការិនី​ដោយ​ផ្ទាល់​នៅ​តាម​រោងចក្រ​ជា​ច្រើន​ម៉ឺន​នាក់​រួច​មក​ហើយ​។ ក្នុង​កិច្ច​សំណេះសំណាល​ទាំងនោះ សម្តេច​តេ​ជោ ហ៊ុន សែន តែង​បាន​លើក​បង្ហាញ​ជា​ច្រើន​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទាញ​អ្នក​វិនិយោគ​មក​បង្កើត​រោងចក្រ​នានា​នៅ​កម្ពុជា​បង្កើន​ការងារ​ជូន​កូនចៅ​ប្រជាពលរដ្ឋ​ខ្មែរ​។
 
សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​បង្ហាញ​ពី​កិច្ច​ខិតខំ និង​ការ​យកចិត្តទុកដាក់​ជា​ច្រើន​ទៀត ដើម្បី​ជំរុញ​ដល់​ការ​ដំឡើង​ប្រាក់ខែ​ជូន​ដល់​កម្មករ និង​ការងារ​មួយ​ចំនួន​ទៀត​ក្នុង​ការ​លើកកម្ពស់​ជីវភាព​របស់​កម្មករ និយោជិត ដូច​ជា​កា​រត​បណ្តាញ​អគ្គិសនី និង​បណ្តាញទឹក​ដល់​បន្ទប់​ស្នាក់​នៅ​របស់​កម្មករ​កាត់​បន្ថយ​ការ​ចំណាយ​។
 
សម្តេច​តេ​ជោ ហ៊ុន សែន ក៏​តែងតែបាន​អំពាវនាវ​ដល់​កម្មករ កម្មការិនី ឲ្យ​ខិតខំ និង​យកចិត្តទុកដាក់​ធ្វើ​ការងារ ដើម្បី​រក្សា​ការងារ​កំពុង​មាននៅ​ក្នុង​ដៃ​របស់​ខ្លួន​៕