សារអេឡិចត្រូនិច
លោកស្រី មូរ សុខ​ហួរ ចាក​ចេញពី​កម្ពុជា​ព្រោះ​ខ្លាច​ត្រូវ​ចាប់ខ្លួន​ ​


ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត គឺ​លោកស្រី មូរ សុខ​ហួរ កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៧​ម្សិលមិញ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ក្រោម​ហេតុផល​ថា ខ្លាច​មានការ​ចាប់ខ្លួន ពីព្រោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លោក​កឹ​ម សុខា ចំពោះ​អំពើ​ក្បត់ជាតិ​។

តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​បក្ស​ប្រឆាំង​មួយ បាន​ដកស្រង់​សម្ដី​របស់​លោកស្រី មួរ សុខ​ហួរ​ថា​“…​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់​ក្នុង​រាជរដ្ឋាភិបាល​ថា​ការ​ចាប់ខ្លួន​នេះ​នឹង​ត្រូវធ្វើ​ឡើង​ក្នុង​ស​ប្តា​ហ៍​ក្រោយ​នេះ​…​ខ្ញុំ​មិន​អាច​និយាយ​ប្រាប់​ថា មន្ត្រី ឬ​ក្រសួង​ណា​ជា​អ្នក​ប្រាប់​ខ្ញុំ​ទេ​…​គាត់ (​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​) បាន​ធ្វើការ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ពាក្យ​សម្ដី​ដែល​ខ្ញុំ និង​សហសេវិក ២ នាក់​ទៀត​និយាយ​នៅ​ខេត្ត​ទាំង ៣ នេះ​…”​។

កាលពី​ថ្ងៃ​៣​តុលា លោកស្រី​មូរ សុខ​ហួរ ក៏​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា សភាពការណ៍​ក្នុង​ប្រទេស​កម្ពុជា​«​គ្រោះថ្នាក់​ណាស់​សំរាប់​ក្រុម​មេដឹកនាំ​សង្គ្រោះ​ជាតិ​»​និង​ថា លោកស្រី​បានឮ​ការ​គំរាម​របស់​នាយក​រដ្ឋមន្ត្រី និង​បាន​ចាក​ចេញពី​ប្រទេស​កាលពី​ថ្ងៃ​អង្គារ​។
 
គួរ​កត់សម្គាល់​ដែរ​ថា បន្ទាប់​ពី​មា​ការ​ចាប់ខ្លួន​លោក​កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មក​គេ​ឃើញ​មាន​មន្ដ្រី​ជាប់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន បាន​ចាក​ចេញពី​កម្ពុជា ដែល​ក្នុង​នោះ​រួម​ទាំង កូនស្រី​លោក កឹ​ម សុខា ទាំង​២ រូប​គឺ​កញ្ញា កឹ​ម មនោ​វិទ្យា និង​កញ្ញា កឹ​ម សម្មា​ធីតា ព្រមទាំង​មេដឹកនាំ​យុវជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ហ៊ីង សុខសាន្ត​។
 
ក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​សណ្ឋាគារ​សុខា​នៅ​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៧ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា​សំណុំរឿង​ក្បត់ជាតិ​មិន​បញ្ចប់ ត្រឹម​ការ​ចាប់ខ្លួន​លោក កឹ​ម សុខា នោះ​ឡើយ​។ សម្តេច​តេ​ជោ បាន​ថ្លែង​បញ្ជាក់​ថា​សំណុំរឿង​គឺ​មានការ​រៀបចំ​ឡើងជា​ប្រព័ន្ធ ដែល​មាន​មនុស្ស​ជាប់​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​។
 
សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្តេជ្ញា​បន្ត​វិធានការ​កម្ចាត់​ក្រុម​ជន​ក្បត់ជាតិ ដោយ​មិន​រា​ថយ នោះ​ឡើយ​។ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ថែម​ទាំង​បញ្ជាក់​ទៀត​ថា សម្តេច​មិន​អនុញ្ញាត​ឲ្យ​មាន​ក្រុម​ឧទ្ទាម​នៅ​ក្នុង​ទីក្រុង​នោះ​ឡើយ​៕