សារអេឡិចត្រូនិច
មន្ត្រី​កាំកុងត្រូល​ភ្នំពេញ​ចុះ​ឆែកឆេរ​ចំណីអាហារ​នៅ​ផ្សារ​ដើម​គរ​រក​ឃើញ​ជាតិគីមី ​នៅ​ក្នុង​ជី​និង​បន្លែ​មួយចំនួន​


ភ្នំពេញ​៖ មន្ត្រី​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ បាន​ចុះ​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧​នេះ​បាន​ចុះ​ឆែកឆេរ​ចំណីអាហារ​បន្លែ​ប្រមាណ​ជិត​មួយ​រយ​មុខ នៅ​ផ្សារ​ដើម​គរ​ដោយ​បាន​រក​ឃើញ​នូវ​ជាតិ​គីមី​នៅ​ក្នុង​ជី និង​បន្ថែ​មួយ​ចំនួន​ដែល​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​អ្នក​ហូប​ខ្លាំង​។

ថ្លែងប្រាប់ ខណៈ​កំពុង​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​នៅ​ផ្សារ​ដើម​គរ​នោះ លោក គង់ វុ​ទ្ធី អនុប្រធាន​សាខា​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​ចុះ​ពិនិត្យ​ទំនិញ​នេះ គឺ​ធ្វើ​ឡើង​តាម​ការ​ណែនាំ​ពី​ប្រធាន​ប្រតិភូ​ទទួល​បន្ទុក​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​លោក​ប្រធាន​សាខា​ផែស្ងួត​ចុង​ទី​ភ្នំពេញ​រូ​ម​ទាំង​មានការ​សំណូមពរ​ពី​បងប្អូន​ប្រជាពលរដ្ឋ​។

លោក​បន្ត​ថា ការ​ចុះ​ពិនិត្យ​ទំនិញ​នៅ​ផ្សារ​ដើម​គរ​នេះ​ក្រុមការងារ​របស់​លោក បាន​យក​ទំនិញ​ចំនួន​៨៧​មុខ​ពី​ក្រុម​អាជីវករ​ផ្សារ​ទៅ​ពិនិត្យ​ក្នុង​ឡាន​ឡា​ប៉ូ​ពិសោធន៍​ស្វែងរក​សារធាតុ​គីមី​ភ្លាម​ៗ​តែ​ម្តង​។

ដោយ​ជាក់ស្តែង​បាន​ពិនិត្យ​រក​ឃើញ​មាន​សារធាតុ​គីមី​ថ្នាំ​បាញ់​សត្វល្អិត​នៅ​ក្នុង​ផ្កា​រការ​ឆាយ ជី​ម្លូ ជី​ស្ពៃ​រឿង និង​ស្ពៃ​កា​ញ៉ា​ញ់ ដែល​សារធាតុ​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​របស់​អ្នក​បរិភោគ​ហើយ​បន្លែ និង​ជី​ទាំងនេះ សុទ្ធតែ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ផង​ដែរ​។

តែ​យ៉ាងណា​ក្តី​ទំនិញ​ដែល​បាន​រក​ជើ​ញ​នោះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​របស់​លោក​ធ្វើការ​រឹបអូស​យក និង​ឲ្យ​អាជីវករ​ចុះ​កិច្ចសន្យា​ឈប់​លក់​និង​បង្ហាញ​ប្រភព​ពី​ម្ចាស់​ដើម និង​ម្ចាស់​សហគ្រាស​ដែល​ធ្វើការ​ផលិត​នោះ​ផង​ដែរ​។

ជាមួយ​គ្នា​នោះ​ដែល​លោក គង់ វុ​ទ្ធី ក៏​បាន​ណែនាំ​ដល់​ក្រុម​អាជីវករ​ទាំងអស់​ដាក់​តាំង​លក់​ផលិតផល​អោយ​ត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដោយ​ញែក​ចេញពី​គ្នា​រវាង​គ្រឿង​ប្រើប្រាស់​ដែល​ផ្ទុក​សារធាតុពុល​និង​ម្ហូបអាហារ ហាម​ការ​ដាក់​តាំង​ផលិតផល​ភេសជ្ជៈ​ត្រូវ​កម្ដៅថ្ងៃ និង​ការ​ដាក់​លក់​ផលិតផល​ហួស​កាលបរិច្ឆេទ​ជាដើម​ផង​ដែរ​។

លោក​ក៏​បាន​អំពាវនាវ​ដល់ អាជីវករ អ្នក​ចែកចាយ​លក់ដុំ លក់រាយ អ្នក​ផលិត នាំ​ចូល​ចែកចាយ ត្រូវ​តែ​មាន​ប្រភព​ច្បាស់លាស់​សិន​មុន​នឹង​ទទួល​លក់ ហើយ​បញ្ជ​ប់​ការ​លាយ​បន្ថែម​នូវ​សារ​ធាតុគីមី ទៅ​លើ​ផលិតផល​ម្ហូបអាហារ​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​។

តែ​យ៉ាងណា​ក្តី​នៅ​ក្នុង​ប្រតិបត្តិការ​ក៏​មាន​អាជីវករ​ខ្លះ​មិន​ព្រម​ធ្វើការ​សហការ​ជាមួយ​ក្រុម​ជំនាញ​ការងារ​របស់​លោក​ក្នុង​ការ វែកមុខ​ចំពោះ​ប្រភព​ដែល​ផលិត​គ្រឿង​បរិភោគ​ដែល​មាន​ជាតិ​គីមី​នេះ​ផង​៕