សារអេឡិចត្រូនិច
មើលកន្លែងផលិតមីសួ នៅទួលគោក ឃើញហើយលែងឃ្លាន


ភ្នំពេញ​៖ អ្នកចូលចិត្តទទួលទានមីសួ នៅពេលឃើញពីកន្លែងផលិត និងវេចខ្ចប់មួយកន្លែងស្ថិតនៅផ្ទះ​លេខ​៧៩A​ នៅ​ផ្លូវ​លេខ​១៨៦​ សង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ ប្រហែលជាលែងចង់ទទួលទានហើយ។

ប្រតិបត្តិការ​មួយរបស់គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព ​និង​សុវត្ថិភាព​សង្គម​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ទូច យុ​ទ្ធា អនុប្រធាន​លេខាធិការដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម និង​ជា​ប្រធាន​ក្រុម​ប្រតិបត្តិការ​ពិសេស​ក្រសួង មហាផ្ទៃ​ ​ដោយមានការ​សម្របសម្រួល​ពី​លោក ​ងិ​ន​ ពេជ្រ ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចុះ​ទៅ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ​ និង​សមត្ថកិច្ច​ជំនាញ​ផ្នែក​ស្តង់ដារ​ និង​កាំកុងត្រូល កាលពី​ព្រឹក​ថ្ងៃ​ទី​២០​ខែតុលា​ឆ្នាំ​២០១៧ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​វេច​ខ្ចប់​មីសួ​គ្មាន​អនាម័យ​ខុស​ស្តង់ដានេះ។

បន្ទាប់​ពី​ស្រាវជ្រាវ​ដឹង​ថា​ទីតាំង​វេច​ខ្ចប់​មីសួ​មួយ​កន្លែង​នេះ​ ផលិត​គ្មាន​គុណភាព​អនាម័យ​ និង​គ្មាន​ស្តង់ដារ​។ ​រហូត​មក​ដល់​ពេល​នេះ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​កំពុង​ត្រួតពិនិត្យ​មើល​ការ​ផលិត​និង​គុណភាព​របស់​មីសួ ដែល​ផលិត​នោះ​តើ​មានគុណ​ភាព ឬ​មាន​ស្តង់ដារ​ដែរ​ឬ​អត់ ។

បច្ចុប្បន្ន​សមត្ថកិច្ច​បាន​យក​មីសួ​មួយ​ចំនួន​ដើម្បី​មើល​គុណភាព​និង​ពិនិត្យ​វត្ថុធាតុដើម​ផលិត​ត្រូវ​តាម​ស្តង់ដារ​ដែរ​ឬទេ​ប្រសិនបើ​ពិនិត្យ​ទៅ​ឃើញ​ថា​គ្មាន​គុណភាព​ផលិត​ឡើង​ដោយ​ជាតិ​គីមី​ម្ចាស់​សិប្បកម្ម​មួយ​កន្លែង​នេះ​នឹង​ត្រូវ​ឃាត់ខ្លួន​ដើម្បី​យក​ទៅ​សាកសួរ​និង​អនុវត្ត​តាម​ច្បាប់ ៕