សារអេឡិចត្រូនិច
អ្នក​ជំនាញ​ថា ឆ្នាំ​២០១៧​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​រក្សា​បាន​កំណើន​៤០%


ភ្នំពេញ​៖ អ្នកជំនាញ​ផ្នែក​ឧស្សាហ៍កម្ម និង​ហិរញ្ញវត្ថុ​បាន​វាយតម្លៃ​ថា បច្ចុប្បន្ន​នេះ វិស័យ​ធានា​រ៉ាប់រង​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​មានការ​រីក​ចម្រើន​ និង​អាច​រក្សា​បាន​កំណើន​ប្រមាណ​៤០%​។

ឯកឧត្ដម ម៉ី វ៉ា​ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហ៍កម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងប្រាប់​ថា សព្វ​ថ្ងៃនេះ វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ហើយ​មានការ​ទាក់ទាញ​ពី​ប្រជាពលរដ្ឋ​ទូទៅ ដោយសារ​តែ​ពួក​គាត់​ហ៊ាន​វិនិយោគ​លើ​សេវាកម្ម​មួយ​នេះ ដើម្បី​ការពារ​ហានិភ័យ​ក្នុង​ការ​រក្សា​បាន​នូវ​ស្ថិរភាព​ខាង​សេដ្ឋកិច្ច​គ្រួសារ​។

ឯកឧត្តម បាន​បន្ថែម​ទៀត​ថា ឆ្នាំ​២០១៧​នេះ​វិស័យ​ធានា​រ៉ាប់រង​អាយុជីវិត​មានការ​កើនឡើង​៤៥%​ធៀប​និង​ឆ្នាំ​មុន​ហើយ​ជា​រៀង​រាល់​ឆ្នាំ​ប្រជាពលរដ្ឋ​ចាប់ផ្តើម​មាន​ជំនឿ​ទុកចិត្ត​ផង​ដែរ​លើ​សេវា​នេះ ដោយ​ពលរដ្ឋ​មួយ​ចំនួន​ធំ​ទិញ សេវា​រ៉ាប់រង ដូច​ជា កម្ចី​សេវា​ទិញ​ផ្ទះ​និង​ធានា​រ៉ាប់រង​អាយុ​វ​ជីវិត​ទៀត​ផង​។

សម្រាប់ លោក យក់ ចំរើន​ឬ​ទ្ធិ នាយក​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ហ្វ​ត​តេ បាន​លើក​ឡើង​ថា រយៈពេល​២​ឬ​៣​ឆ្នាំ​នេះ វិស័យ​ធានា​រ៉ាប់​មានការ​លូតលាស់​ខ្លាំង​ជា​ពិសេស​វិស័យ​ធានា​រ៉ាប់រង​ចំពោះ​មុខ​មាន​លក្ខណៈ​ជា​បុគ្គល​បាន​រីក​ចម្រើន​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​រហូត​ដល់​ទៅ​ពី​៣០%​ទៅ ៤០% ។

វិស័យ​ធានា​រ៉ាប់រង​អាយុជីវិត​ទើបតែ​ចាប់ផ្តើម​នៅ​លើ​ទីផ្សារ​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១២ ហើយ​បើ​គិត​ត្រឹម​ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ​អត្រា​ជ្រាប​ចូល​ទីផ្សារ​នៃ​វិស័យ​ធានា​រ៉ាប់រង​ទាំងអស់ មាន​កម្រិត​ត្រឹមតែ ០.៦២% នៃ​ផលិតផល​ក្នុងស្រុក​សរុប ដែល​នេះ​ជា​អត្រា​ដ៏​ទាប​មួយ​ធៀប​នឹង​បណ្តា​ប្រទេស​ជិតខាង​ក្នុង​តំបន់​។

វិស័យ​ធានា​រ៉ាប់រង​អាយុជីវិត​បាន​ពង្រីក​វិសាលភាព​របស់​ខ្លួន​ដោយ​មាន​កំណើន​រហូត​ដល់ ៩៥% កាលពី​ឆ្នាំ​២០១៦ ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ​។ ការ​កើនឡើង​យ៉ាង​លឿន​នេះ​ត្រូវ​អ្នកជំនាញ​លើក​ឡើង​ថា ដោយសារ​តែ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ល្អ មាន​តម្រូវការ​ខ្ពស់ និង​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មានការ​យល់​ដឹង​ច្រើន​ពីសារ​សំខាន់​និង អត្ថប្រយោជន៍​នៃ​វិស័យ​ធានា​រ៉ាប់រង​អាយុជីវិត​នេះ​៕