សារអេឡិចត្រូនិច
ក្រសួង​វប្បធម៌ បាន​ស្រាវជ្រាវ​ឯកសារ​នានា ដាក់​តម្បាញ​សូត្រ​ខ្មែរ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​


ភ្នំពេញ​៖ ក្រសួង​វប្បធម៌ បាន​រៀបចំ​ក្រុមការងារ ដើម្បី​ស្រាវជ្រាវ​ឯកសារ​នានា ដាក់​តម្បាញ​សូត្រ​ខ្មែរ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​។

លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋ​ម​ន្រី្ត​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែង​យ៉ាង​ដូច្នេះ ក្នុង​ពិធី​បិទ​សិក្ខាសាលា ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ស្តី​ពី​សិល្បៈ​តម្បាញ​សូត្រ ឆ្នាំ​២០១៧, កាលពី​ពេល​កន្លង​ទៅ​នេះ​។

លោក​ជំទាវ បន្ត​ថា ពេល​ដាក់​ភ្លាម មិនមែន​បាន​ភ្លាម​នោះ​ទេ លុះត្រាតែ​១​ឆ្នាំ​កន្លះ បាន​អង្ក​ការ​យូ​ណេ​ស្កូ​សម្រេច​ឲ្យ​ចូល បើសិន​ដាក់​ឆ្នាំ​២០១៦ រហូត​ដល់​ឆ្នាំ​២០១៨ ទើប​អង្គការ​យូ​ណេ​ស្កូ​សម្រេច តែ​នៅ​ពេល​ក្រសួង​ដាក់​ហើយ​នោះ ក្រុមការងារ​មិន​នៅ​ស្ងៀម​នោះ​ទេ ក្រុមការងារ​បាន​បង្កើត​ឡើង គឺ​ដោយ​ធ្វើ​យ៉ាងណា​ត្រូវ​ដាក់​នូវ​តម្បាញ​សូត្រ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ តែ​នៅ​ពេល​សរសេរ គឺ​ទាមទារ​ការ​ស្រាវជ្រាវ​ច្រើន​។

លោក​ជំទាវ បន្ថែម​ថា នៅ​ពេល​ដែល​ចុះ​ក្នុង​បញ្ជី​ហើយ ទម្រង់​ទាំងអស់​ត្រូវ​បាន​ទទួលស្គាល់ និង​ផ្សព្វផ្សាយ​បាន​យ៉ាង​ទូលំទូលាយ មិនមែន​តែ​ក្នុង​ក្រប​ខណ្ឌ​ជាតិ​នោះ​ទេ គឺ​មាន​សមាជិក​អង្គការ​យូ​ណេ​ស្កូ ១៩៧​ប្រទេស​។ ក្រោយ​ពេល​ចុះ​ទម្រង់​សិល្បៈ​បាន​រួចរាល់​ហើយ​នោះ នឹង​ក្លាយទៅជា​សម្បត្តិ​រួម​មួយ​របស់​ពិភពលោក​។ ដូចនេះ​ពិភពលោក​មាន​តួនាទី​ជួយ​ដល់​ប្រទេស​កម្ពុជា ដោយ​ធ្វើ​យ៉ាងណា​អភិរក្ស និង​លើក​ស្ទួយ​ទម្រង់​ទាំង​អស់នោះ​។

លោក​ជំទាវ រដ្ឋ​ម​ន្រី្ត​បញ្ជាក់​ថា ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​របស់​មនុស្ស សូត្រ​មាន​តួនាទី​ខ្ពស់​ក្នុង​ជំនាន់​មុន ពាក្យ​ថា​សូត្រ​តម្រូវ​លើ​សំលៀក​បំពាក់ អ្នក​ដែល​មាន​តួនាទី​ឋានៈ​ខ្ពស់​ៗ មាន​អង្គការ​ច្រើន បាន​ប្រឹងប្រែង​លើកកម្ពស់​ឡើង​វិញ​លើ​វិស័យ​ត្បាញ រវៃ និង​គោម​ថ្មី​នានា ហើយ​ពួក​គាត់​ទាំង​អស់នោះ​មិន​ត្រឹមតែ​ថែរក្សា​នូវ​ក្បាច់​បុរាណ​ថ្មី​ៗ​នោះ​ទេ ថែ​ទាំង​ប្រឌិត​នូវ​ក្បាច់​ថ្មី​ៗ​ដែល​រក្សា​លើ​មូលដ្ឋាន​ចាស់​របស់​យើង​ផង​ដែរ​៕