សារអេឡិចត្រូនិច
រ៉ូ​ណា​ល់​ដូ ផ្តួល​ម៉េ​ស​ស៊ី ដើម្បី​លើក​ពាន​កីឡាករ​ឆ្នើម​របស់​ហ្វី​ហ្វា​


កីឡាករ គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ ត្រូវ​បាន​តែងតាំង​ជា​កីឡាករ​ឆ្នើម​របស់​ពិភពលោក​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​បាល់ទាត់​ឆ្នើម​ឆ្នាំ ២០១៧ របស់​ហ្វី​ហ្វា​ក្នុង​ទីក្រុង​ឡុ​ង​ដ៍​កាលពី​ថ្ងៃ​ចន្ទ ទី​២៣ តុលា​។

ខ្សែប្រយុទ្ធ Real Madrid និង​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ​បាន​ផ្តួល​កីឡាករ លី​អូ​នែ​ល ម៉េ​ស​ស៊ី​របស់ Barcelona និង កីឡាករ​នី​ម៉ា​របស់ Paris Saint Germain ។

រ៉ូ​ណា​ល់​ដូ វ័យ ៣២ ឆ្នាំ​បាន​ជួយ​ឱ្យ​ក្រុម Real Madrid ឈ្នះ​ជើងឯក​ក្រប​ខណ្ឌ Champions League និង La Liga ក្នុង​ឆ្នាំ ២០១៦-១៧ ។

នាង លី​កេ ម៉ា​តិ​ន (Lieke Martens) របស់ Barcelona និង​ហូ​ឡង់​បាន​ឈ្នះ​ពានរង្វាន់​កីឡាការិនី​ឆ្នើម លោក​ហ្ស៊ី​នេ​ឌី​ន ហ្ស៊ី​ដាន់​របស់ Real Madrid ឈ្នះ​ពានរង្វាន់​គ្រូបង្វឹក​ឆ្នើម​ភេទ​ប្រុស និង លោកស្រី សារី​ណា វី​ក​មែន របស់​ហូ​ឡង់ (Sarina Wiegman) ឈ្នះ​ពានរង្វាន់​គ្រូបង្វឹក​ឆ្នើម​ភេទ​ស្រី​។

កីឡាករ អូ​លី​វើ ជី​រូ​ដ របស់ Arsenal បាន​ទទួល​ពានរង្វាន់ Puskas សម្រាប់​គ្រាប់​បាល់​ដ៏​ល្អ​បំផុត​ក្នុង​ឆ្នាំ ២០១៧ សម្រាប់​ការ​ស៊ុត​បាល់ “​ក្បាច់​ខ្យាដំរី​” របស់​គាត់​បញ្ចូល​ទី​របស់​ក្លិប Crystal Palace កាលពី​ខែមករា​។

Celtic បាន​ឈ្នះ​ពានរង្វាន់​អ្នកគាំទ្រ​ល្អ​ដាច់​គេ បន្ទាប់​ពី​ពួក​គេ​បាន​ផ្តល់​កិត្តិយស​ដល់​ជោគជ័យ​ពានរង្វាន់​អឺរ៉ុប​របស់​ខ្លួន​ក្នុង​ឆ្នាំ ១៩៦៧ ដោយ​លើក​ស្លាក​រហស្សនាម​ក្លិប​ហៅ​ថា “Lisbon Lions” ជាមួយនឹង​ការ​បង្ហាញ​កាត ៣៦០ ដឺ​ក្រេ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៅ​ខួប​លើក​ទី ៥០ នៃ​ជ័យជម្នះ​របស់​ពួក​គេ​នៅ​ក្នុង​ពានរង្វាន់​អឺរ៉ុប​៕