សារអេឡិចត្រូនិច
Facebook កំពុង​ធ្វើ​ឲ្យ​អ្នករកស៊ី​អន​ឡាញ​ដាច់បាយ​បណ្ដើរៗ​


ថ្មី​ៗ​នេះ Facebook បាន​ប្រកាស​កែសម្រួល​បង្ហាញ​Feed លើ​គណនី​របស់​អ្នក​ប្រើប្រាស់​ទាំងអស់ ដោយ​បន្ថែម​ផ្ទាំង​ថ្មី​ឈ្មោះ​ថា Explore Feed​។ ប៉ុន្តែ​ការ​កែសម្រួល​បន្ថែម​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​រកស៊ី​អន​ឡាញ​លើ​បណ្ដាញ Facebook មួយ​ចំនួន​ជួប​ការ​លំបាក ព្រោះ​គ្រប់ Post របស់ Page ទាំងអស់​នឹង​មិន​បង្ហាញ​នៅ​លើ​ផ្ទាំង News Feed នៃ​គណនី​របស់​អ្នក​ប្រើប្រាស់​ទៀត​នោះ​ទេ​។

លោក ឡា​ច លី​ណា មាន​អាជីវកម្ម និង​ហាង​ប​ញ្ជាំ​ពឹងផ្អែក​លើ Facebook page រយៈពេល​១​ឆ្នាំ បានអោយ​ដឹង​ថា ការ​កែសម្រួល​របស់​ក្រុមហ៊ុន Facebook នេះ បាន​ធ្វើ​ឲ្យ​ការ​ផ្សព្វផ្សាយ​អាជីវកម្ម​រអាក់រអួល ខណៈ​ទាមទារ​ការ​ចំណាយ​ខ្ពស់​ជាង​មុន តែ​ទទួល​បាន​ផល​តិច​។

កន្លង​មក កាល​មិន​ទាន់​មាន Explore Feed លោក លី​ណា ថា​លោក​បាន​ចំណាយ​ប្រាក់ Sponsor លើ page ប្រមាណ ៥០០ ទៅ​៨០០​ដុល្លារ មាន​អ្នក​មើលឃើញ​( React) ប្រមាណ ១​ម៉ឺន​នាក់ នៅ​លើ News Feed និង​មាន​អ្នក​ចាប់អារម្មណ៍​ទិញ​ទំនិញ​ប្រមាណ ១០០​នាក់​។

ដោយឡែក​មួយ​រយៈ​ចុង​ក្រោយ​នេះ អ្វី​ដែល Post នៅ​លើ page របស់​លោក​គឺ​មាននៅ​លើ Explore Feed ដោយ​វា​មិន​បង្ហាញ​ការ​ផ្សាយពាណិជ្ជកម្ម​នៅ​លើ News Feed ដូច​មុន​ទេ ហេតុនេះ លោក​ថា​ត្រូវ​ចំណាយ Sponsor ច្រើន​ជាង​មុន​ដល់​ទៅ ១០០០​ដុល្លារ ដើម្បី​ឲ្យ​វា​នៅ​លើ News Feed​។ ទោះជា​បន្ថែម​ការ​ចំណាយ​បែប​នេះ​ក្តៅ​លោក​ថា លោក​ទទួល​បាន​ចំនួន​អ្នក React វិញ ទាប​ប្រហែល ៣ ទៅ ៤​ពាន់​នាក់​ប៉ុណ្ណោះ ហើយ​អ្នក​ចាប់អារម្មណ៍​ក៏​ថយ​តាម​នោះ​ដែរ​។

លោក​ថាៈ « បើ​ចង់បាន​មនុស្ស​មើលឃើញ​ច្រើន​ជាង​នេះ ត្រូវ​ចំណាយ​ច្រើន​ជាង​នេះ​។ ចំពោះ​ការ Boost មាន​ប្លែក​ខ្លះ​ដែល​ត្រង់​ការ​កំណត់​អតិថិជន​គោលដៅ​មួយ​ចំនួន​ត្រូវ​បាន​បិទ ហើយ​ការ​ផុស​រូប​ដែល​យក​មនុស្ស​មិន​សមរម្យ​ក៏​បាន​ហាម​ដែរ »​។

ស្របគ្នា​នេះ អ្នកធ្វើការ​នៅ​ក្នុង​វិស័យ Digital លោក ឃុន រក្សា បាន​ឲ្យ​ដឹង​ថា ការ​កែសម្រួល News feed និង​បន្ថែម Explore Feed នេះ គឺ​ល្អ​សម្រាប់​អ្នក​គ្មាន​អាជីវកម្ម​អន​ឡាញ​។ តួយ៉ាង​ចំពោះ​អ្នកលេង​ធម្មតា News feed និង Explore feed ងាយស្រួល​លេង​ជាង​មុន មិន​រញ៉រ​ញ៉ៃ​ឃើញ Page ច្រើន និង​អាច​មើលឃើញ​ការ​ផុស​គ្រប់​មិត្តភក្តិ​ទាំងអស់​។

លោក​ថាៈ «​សម្រាប់​អ្នក​រកស៊ី​អន​ឡាញ​វិញ នៅ​ពេល​នេះ​ផល​ចំណេញ​សឹងតែ​គ្មាន​ទេ គឺថា Facebook តម្រូវ​ឲ្យ​ចាយ​លុយ (Boost Page) ដើម្បី​បានឃើញ​នៅ​លើ News feed ឲ្យ​គេ​ឃើញ​ច្រើន​… និយាយ​ឲ្យ​ខ្លី​គឺ​ខាត អត់​មាន​ចំណេញ​ទេ​»​។

គួរ​ជម្រាប​ថា ក្រុមហ៊ុន Facebook បាន​កម្មវិធី​តេស្ត Explore feed តាំងពី​ដើមឆ្នាំ​២០១៧ តែ​ទើប​ដាក់​ឲ្យ​ប្រើ​ផ្លូវការ​កាលពី​ម្សិលមិញ​នេះ​៕