សារអេឡិចត្រូនិច
កូរ៉េ​ខាង​ត្បូង​ប្រកាស​អាសន្ន​ គ្រុន​ផ្ដាសាយ​បក្សី​ H5N6


ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ថា គ្រុន​ផ្ដាសាយ​បក្សី​ H5N6 បាន​ផ្ទុះ​ឡើង​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ទា​មួយ​នៅ​ភាគ​និរតី​នៃ​ប្រទេស​និង​បង្កើន​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​នេះ។

ក្រសួង​កសិកម្ម​បាន​និយាយ​ថា គេ​​បាន​រក​ឃើញ​សត្វ​ទា​ចំនួន ១២០០០ ក្បាល​មាន​ផ្ទុក​នូវ​មេរោគ​នេះ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​កសិដ្ឋាន​មួយ​ក្នុង​ភូមិ Gochang ចម្ងាយ​ជាង ២៧០​គីឡូម៉ែត្រ​ភាគ​និរតី​ទីក្រុង​សេអ៊ូល។ បន្ទាប់​ពី​ការ​រក​ឃើញ​ហើយ សត្វ​ទា​ទាំង ១២០០០​ក្បាល​នោះ​ត្រូវ​បាន​គេ​សម្លាប់។ នេះ​ជា​ការ​ផ្ទុះ​ឡើង​ជា​លើក​ដំបូង​របស់​ប្រទេស​ចាប់​តាំង​ពី​ខែ​មិថុនា​ឆ្នាំ​នេះ។

ក្រសួង​បាន​បង្កើន​វិធាន​ការ​កម្ចាត់​មេរោគ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​គ្រុន​ផ្ដាសាយ​បក្សី និង​បាន​ចេញ​ការ​ហាម​ឃាត់​ការ​ដឹក​ជញ្ជូន​បក្សី​ទូទាំង​ប្រទេស​រយៈ​ពេល ៤៨ ម៉ោង​គិត​ចាប់​ពី​យប់​ថ្ងៃ​អាទិត្យ​ទៅ​ក្នុង​ទីក្រុង សេអ៊ូល។

គួរ​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​មុន​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក៏​ធ្លាប់​ផ្ទុះ​ឡើង​នូវ​គ្រុន​ផ្ដាសាយ​បក្សី​អស់​រយៈ​ពេល​៦​ខែ​ផង​ដែរ ដែល​ធ្វើ​ឲ្យ​ចំនួន​សត្វ​បក្សី​ចិញ្ចឹម​មាន​ការ​ធ្លាក់​ចុះ និង​កង្វះ​ខាត​ស៊ុត​នៅ​ទូ​ទាំង​ប្រទេស។ ប៉ុន្តែ​មិន​មាន​ករណី​មនុស្ស​ឆ្លង​ជំងឺ​នេះ​ក្នុង​ប្រទេស ត្រូវ​បាន​រាយ​ការណ៍​នោះ​ទេ៕

ប្រភព៖ Reuters