សារអេឡិចត្រូនិច
ផ្ទុះភ្នំភ្លើង​នៅ​កោះ​បាលី​របស់​ឥណ្ឌូនេស៊ី ​មនុស្ស​រាប់ម៉ឺន​នាក់​ត្រូវបាន​ជម្លៀស​


មនុស្ស​រាប់ម៉ឺន​នាក់​បាន​ភៀសខ្លួន​ចេញពី​លំនៅដ្ឋាន​របស់​ពួកគេ​នៅ​កោះ​បាលី​កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅដោយ​ភ័យខ្លាច​ការផ្ទុះ​ភ្នំភ្លើង​អាគង់ ដែល​នៅ​ទីបំផុត កាលពី​ថ្ងៃ​អង្គារ ទី​២១ វិច្ឆិកា​បាន​ព្រួស​ផេះ​ដែលមាន​កម្ពស់ ៧០០ ម៉ែត្រ​ទៅលើ​មេឃ ។​

​ភ្នំភ្លើង​នៅ​កោះ​រមណីយដ្ឋាន​ឥណ្ឌូនេស៊ី​នេះ​បាន​ផ្ទុះឡើង​នៅវេលា​ម៉ោង​៥​ល្ងាច កាលពី​ថ្ងៃ​អង្គារ ។ ក្រុម​អាជ្ញាធរ​គ្រប់ គ្រង​គ្រោះមហន្តរាយ​បានប្រកាស​ឱ្យ​ពួក​អ្នកស្រុក​ស្ថិតនៅ​ឱ្យ​ឆ្ងាយ​ពី​តំបន់​ដែល​នៅក្នុង​ចម្ងាយ​ជាង​៧​គីឡូម៉ែត្រ​ពី​ភ្នំភ្លើង​នេះ​។​

​ក្រុម​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​នេះ បាន​និយាយថា ទោះបីជា​យ៉ាងនេះ​ក្តី ការហោះហើរ​នៃ​យន្តហោះ នៅក្នុង​និង​នៅក្រៅ​កោះ​នេះ ធ្វើការ​ហោះហើរ​ជាធម្មតា និង​បាន​និយាយថា “​ដំណើរ​ទេសចរណ៍​កម្សាន្ត​នៅលើ​កោះ​នេះ នៅមាន​សុវត្ថិភាព​នៅឡើយ​ទេ​”​។​

​ភ្នំភ្លើង​អា​គង់នៅ​កោះ​បាលី បាន​មាន​សកម្ម កាលពី​ខែសីហា​ឆ្នាំ​២០១៧ ដោយ​ជំរុញ​ឱ្យ​ក្រុម​អាជ្ញាធរ​បង្កើន​ការប្រុង ប្រយ័ត្ន​ខ្ពស់បំផុត និង​បញ្ជា​ឱ្យមាន​ការជម្លៀស​ពួក​អ្នកស្រុក​ដែល​ស្ថិតនៅ​នៅ​ចម្ងាយ​ប្រហែល​១២ គីឡូម៉ែត្រ​ជុំវិញ​ភ្នំភ្លើង​នេះ​។ ពួក​អ្នកស្រុក​ជាង​១៣០.០០០​នាក់​ត្រូវបាន​ជម្លៀសចេញ​កាលពី​ខែកញ្ញា​និង​ខែតុលា​នៅពេលដែល​ភ្នំភ្លើង​នេះ​បង្ហាញ​ពី​ការកើនឡើង​នៃ​ការផ្ទុះ​ឡើង​៕