សារអេឡិចត្រូនិច
បទ​ចម្រៀងទី១របស់​កវី អ៊ុំ ដរ៉ា និយាយ​ពី​ស្នេហា​ដំបូង​របស់​ខ្លួន


កវី​ពី​សម័យ​មុន​ភាគ​ច្រើន​តែង​បទ​ចម្រៀង​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន ឬ​រៀបរាប់​ពី​ភូមិ​ស្រុក​ និង​ទេស​ភាព​ដែល​ខ្លួន​បាន​ប្រទះ ជាក់​ស្ដែង​លោក អ៊ុំ ដរ៉ា បាន​តែង​បទ​ចម្រៀង​ដំបូង​របស់​ខ្លួន និយាយ​ពី​សេចក្ដី​ស្នេហា​លើ​នារី​ម្នាក់​នៅ​ផ្ទះ​ជិត​គ្នា។

បទ​ចម្រៀង​១បទ​ដែល​មាន​ចំណង​ជើង​ថា "រូប​អូន​ហ្នឹង​ហើយ” គឺ​ជា​បទ​ចម្រៀង​ដំបូង​គេ​បង្អស់​របស់​កវី អ៊ុំ ដរ៉ា ក៏​ជា​បទ​ចម្រៀង​ដែល​និយាយ​ពី​ស្នេហា​ដំបូង​របស់​លោក​ដែរ។

បើ​តាម​លោក អ៊ុំ ភីរុន កូន​ប្រុស​តន្ត្រីករ​វីយោឡុង​ដ៏​ល្បី​ក្នុង​ទសវត្សរ៍ឆ្នាំ ៦០ និង​៧០​រូប​នេះ បាន​ប្រាប់ Sabay ថា បទ​នេះ​ឪពុក​ខ្លួន​និពន្ធ​ក្នុង​អំឡុង​ឆ្នាំ១៩៦៦។ បទ​ "រូប​អូន​ហ្នឹង​ហើយ” ជា​រឿង​ពិត​របស់​លោក អ៊ុំ ដរ៉ា កាល​លោក​ស្រលាញ់​នារី​ម្នាក់​នៅ​ផ្ទះ​ជិត​លោក ក្រោយ​មក​នារី​ម្នាក់​នៅ​ក៏​ក្លាយ​ជា​ប្រពន្ធ​ទី១​របស់​លោក។

“គាត់​លួងលោម​សុំ​ស្រលាញ់​គេ​បាន​សម្រេច បាន​រៀប​ការ​ពេញ​ច្បាប់ ហើយ​ក្រោយ​មក​គាត់​បាន​និពន្ធ​បទ​នេះ​រួម​គ្នា តាម​ពិត​ពេល​នោះគាត់​នៅ​ក្នុង​វិស័យ​តែង​និពន្ធ​ហើយ គ្រាន់​តែ​ថា​គាត់​មិន​ទាន់​ចេញ​បទ​ខ្លួន​ឯង បទ​ខ្លះ​គាត់​សម្រួល​តន្ត្រី ខ្លះ​សរសេរ​ប៉ារ៉ូល​ឱ្យ​គេ​អីចឹង​ណា តែ​បទ​នេះ​គាត់​និពន្ធ​ខ្លួន​ឯង​ទាំង​អស់”។ លោក អ៊ុំ ភីរុណ បញ្ជាក់។

បើ​តាម​ការ​បញ្ជាក់​ពី​កូន​ប្រុស​កវី​រូប​នេះបាន​ឱ្យ​ដឹង​ថា ថ្វី​ត្បិត​តែ​កវី អ៊ុំ ដរ៉ា បាន​រៀបការ​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​ហើយ​ក៏​ពិត​មែន​ តែ​តន្ត្រីករ​វីយោឡុង​រូប​នេះ និពន្ធ​បទ​នេះ​ឡើង​ដើម្បី​រម្លឹក​ពី​អនុស្សាវរីយ​កាល​ពី​លោក​លួច​ស្រលាញ់​ប្រពន្ធ​ខ្លួន​ដំបូង។ លោក អ៊ុំ ភីរុណ បញ្ជាក់​ថា លោក​ដឹង​រឿង​ទាំង​នេះ​ដោយសារ​តែ ប៉ា​របស់​លោក គឺ​លោក អ៊ុំ ដរ៉ា បាន​ប្រាប់​លោក។

កវី អ៊ុំ ដរ៉ា បាន​រៀប​ការ​ជាមួយ​ប្រពន្ធ​ទី១​របស់​ខ្លួន ក្នុង​អំឡុង​ឆ្នាំ១៩៦៤ ក្រោយ​ពី​រៀប​ការ​បាន​ប្រមាណ​២ឆ្នាំ លោក​និង​ភរិយា​បាន​និពន្ធ​បទ "រូប​អូន​ហ្នឹង​ហើយ” រួម​គ្នា។ បទ​នេះ​ដែរ និពន្ធបទ​ចម្រៀង​ដោយ​លោក អ៊ុំ ដរ៉ា និង​ភរិយា ចំណែក​និពន្ធ​ទំនុក​ច្រៀងបទ​ភ្លេង សម្រួល​តន្ត្រី ដោយ​លោក អ៊ុំ ដរ៉ា ច្រៀង​ដោយ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត ។