សារអេឡិចត្រូនិច
ក្មេងប្រុសម្នាក់ត្រូវទទួលរងគ្រោះថ្នាក់គួរឲ្យតក់ស្លុតបំផុត


ចិន៖ ជាធម្មតា ក្មេងតូចៗគឺងាយនឹងទទួលរងគ្រោះថ្នាក់ខ្លាំងណាស់។ហេតុនេះឪពុកម្ដាយគ្រប់រូបត្រូវមានការប្រុង ប្រយ័ត្ន និងយកចិត្តទុកដាក់លើសុវត្ថិភាពកូនឲ្យបានខ្ពស់ ចំពោះវត្ថុស្រួចៗ ព្រមទាំងវត្ថុដទៃទៀតដែលអាចបង្កគ្រោះ ថ្នាក់ គួរយកលាក់ ឬរក្សាទុកឲ្យផុតពីដៃក្មេង ជៀសវាងបញ្ហាមិនល្អណាមួយកើតឡើង។ ទោះជាយ៉ាងណាក៏ដោយ វត្ថុខ្លះនូវតែត្រូវបានមើលរំលង និងទុកចោលនៅជិតក្មេងៗ ហើយនឹងបង្កឲ្យគ្រោះថ្នាក់នឹកស្មានមិនដល់ណាមួយ។ ជាក់ស្ដែង ដូចជាហេតុការណ៍គួរឲ្យរន្ធត់មួយដែលបានកើតឡើងចំពោះក្មេងប្រុសតូចម្នាក់ឈ្មោះ Chen Chen។ក្មេងប្រុសដែលទើបនឹងមានវ័យ ២ឆ្នាំរូបនេះ បានជួបប្រទះនូវគ្រោះថ្នាក់មួយដែលធ្វើឲ្យមនុស្សជាច្រើន ក៏ដូចជាក្រុម គ្រូពេទ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតជាខ្លាំង បន្ទាប់ពីគេលោតចុះពីលើគ្រែគេង រួចដួលបោកក្បាលទៅនឹងកម្រាល  ឧបទ្ទវហេតុនេះ មិនត្រឹមតែធ្វើឲ្យក្បាលរបស់ក្មេងបោកទង្គិចទៅនឹងកម្រាលឥដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក្បាលរបស់គេត្រូវ ឌុយខ្សែភ្លើងមុខបីដោតចាក់ជាប់ថែមទៀត។

ឪពុកម្ដាយបានប្រញាប់ប្រញាលបញ្ជូន Chen Chen ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ខណៈដែលឌុយខ្សែភ្លើងនៅដោត ជាប់នឹងក្បាល។ វេជ្ជបណ្ឌិតបានធ្វើការវះកាត់យកក្បាលឌុយមុខបីចេញពីក្បាលក្មេងភ្លាមៗតែម្ដង ការវះកាត់ដំណើរ ការទៅអស់រយៈពេល ៣ម៉ោង ទីបំផុតវេជ្ជបណ្ឌិតអាចយកវត្ថុដែលដោតជាប់នឹងក្បាលក្មេងចេញបានដោយជោគ ជ័យ។

មុខរបួសត្រូវបានដេរភ្ជិតរួចរាល់ ប៉ុន្តែវេជ្ជបណ្ឌិតក៏មិនដឹងដែរថាតើ ក្មេងប្រុសតូចនឹងត្រូវទទួលរងការប៉ះពាល់ខូច ខាតខួរក្បាលជាអចិន្ត្រៃយ៍ ឬគ្រាន់តែត្រឹមរយៈពេលយូរមួយ។ ទោះជាយ៉ាងណា ក្រុមគ្រូពេទ្យសង្ឈឹមថាអ្វីៗនឹងឆាប់ ប្រសើរឡើង។ វត្ថុណាមួយក៏ដោយមិនថាមានទំហំតូច ឬមើលទៅមិនអាចនឹងបង្កគ្រោះថ្នាក់បាន ក៏អាចក្លាយជាមូល ហេតុនៃគ្រោះថ្នាក់ស្មានមិនដល់ដែរ។ គ្មាននរណាម្នាក់មានការប្រុងប្រយ័ត្នគ្រប់ពេលជាប់ពេកទេ ជាពិសេសក្មេងៗ។ ហេតុនេះត្រូវចាំថា ការការពារ គឺតែងតែប្រសើរជាងការព្យាបាល៕

ប្រភព៖ Newsner