សារអេឡិចត្រូនិច
Mnangawa ស្បថចូលកាន់តំណែង​ជាប្រធានាធិបតីថ្មី បណ្ដោះអាសន្ន​នៅថ្ងៃសុក្រនេះ


ហ្ស៊ីមបាវេ៖ ហ្ស៊ីមបាវេ​នឹង​មានប្រធានាធិបតីថ្មី​ជាលើកដំបូង ក្នុងរយៈពេលជិត ៤០ឆ្នាំមកនេះ នៅពេលលោក Emmerson Mnangawa ស្បថចូលកាន់តំណែង​ជាថ្មី​ប្រធានាធិបតី បណ្ដោះអាសន្ន​នៅថ្ងៃសុក្រនេះ (ម៉ោងនៅក្នុង តំបន់) ជំនួសអតីត​ប្រធានាធិបតី​ចាស់វង្សា លោក Robert Mugabe ដែលបានលាលែង​ពីមុខដំណែង​នៅក្នុង សប្ដាហ៍នេះ ក្រោមសម្ពាធស្ទើរជុំទិសពីអ្នកនយោបាយ​ប្រកបដោយឥទ្ធិពលនៅក្នុងប្រទេស។ នេះបើតាមការ​ចេញ ផ្សាយ​ដោយ​សារព័ត៌មាន CNN នៅរសៀលថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក Mnangawa ដែលជាអតីតអនុប្រធានាធិបតី​របស់ លោក Mugabe អស់រយៈពេលរាប់​ទសវត្សរ៍មកនេះ ត្រូវបានគេបណ្ដេញ​ចេញពី​តំណែង ក្រោមភាព​ចម្រូងចម្រាស់​ រហូតដល់ជំរុញឱ្យពួក​យោធា​ ដណ្ដើមអំណាច​គ្រប់ គ្រងប្រទេស។ លោកបាន​ធ្វើដំណើរមកដល់​រដ្ឋធានី Harara​ កាលពីថ្ងៃពុធ ដើម្បីត្រៀមចូល​ស្បថកាន់តំណែង​នៅ ឯពហុកីឡាដ្ឋាន​ជាតិ ស្ថិតនៅក្នុងរដ្ឋធានី​នៃប្រទេស ក៏ដូចជាថ្លែង​សារទៅកាន់ប្រជាជាតិ​របស់លោក។

គួរបញ្ជាក់ថា កាលពី​ថ្ងៃព្រហស្បតិ៍ អតីត​ប្រធានាធិបតី​​ហ្ស៊ីមបាវេ លោក Robert Mugabe និងភរិយា​របស់លោក ទទួលបានអភ័យ​​ឯកសិទ្ធិពិសេស​មួយ​ពី​ក្រុមរដ្ឋអាជ្ញា និងត្រូវបាន​ធានា​ការពា​រសុវត្ថិភាព ហើយដែល​នេះ​គឺជា​ផ្នែក មួយ​នៃកិច្ច​ព្រមព្រៀង ជំរុញ​ឱ្យលោក​សម្រេចចិត្ត​លាលែង​ពី​មុខ​តំណែង។

លោក Robert Mugabe បានដឹកនាំ​ប្រទេស​​ហ្ស៊ីមបាវេ បន្ទាប់ពី​ប្រជាជាតិ​ស្ថិតនៅក្នុងតំបន់​អាហ្រ្វិកខាងត្បូងមួយ នេះ​ ទទួលបានឯករាជ្យពីអង់គ្លេស​កាលពី​ឆ្នាំ១៩៨០។ ប៉ុន្តែ លោកបាន​​សម្រេចចិត្ត​លាលែង​ពី​តំណែង កាលពីថ្ងៃ អង្គារ​​កន្លងទៅ ក្រោយយោធា​ដណ្ដើមអំណាច​ពី​រូបលោក ខណៈគណបក្ស​​កាន់អំណាច​របស់​លោកផ្ទាល់ ក៏បានទាម ទារ​ឱ្យលោកចុះចេញពី​​អំណាចផងដែរ៕