សារអេឡិចត្រូនិច
សម្តេច​តេ​ជោ​ផ្តល់​៣៥​ម៉ឺន​ដុល្លារ​ជួយ​ឱ្យ​កីឡដ្ឋាន​ខេត្តកំពត​


កំពត​៖ ប្រមុខ​រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ទឹកប្រាក់​ចំនួន​៣៥​ម៉ឺន​ដុល្លារ តាមរយៈ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដើម្បី​ធ្វើឱ្យ​កាន់តែ​ល្អប្រសើរ បន្ថែម​លើ​សមិទ្ធផល​ដែល​កើតឡើង​ក្នុង​ពហុ​កីឡដ្ឋាន​ខេត្តកំពត​។​

​ថ្លែង​ក្នុងឱកាស​បើក​ពិធី​ប្រកួត​ជ្រើសរើស​ជើងឯក​យុវជន​អាយុ​ក្រោម​១៤​ឆ្នាំ ក្រោម​១៦​ឆ្នាំ និង​ជ្រើសរើស​ជើងឯក​បាល់ទាត់​នារី​ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ខេត្តកំពត នាពេល​កន្លងទៅនេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​មានប្រសាសន៍ថា ដោយ​មើលឃើញថា​កីឡដ្ឋាន​ខេត្តកំពត មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ និង​វិស័យ​កីឡា​ក្នុង​ខេត្ត​នេះ រីកចម្រើន​យ៉ាង​ផុលផុស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ផ្តល់​ថវិកា​៣៥​ម៉ឺន​ដុល្លារ តាមរយៈ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដើម្បី​សាងសង់​បង្គោល​ចំនួន​បួន និង​បំពាក់​ភ្លើង​បំភ្លឺ​ជុំវិញ​បរិវេណ​ទីលាន​ប្រកួត ឱ្យមាន​លក្ខណៈ​កម្រិតស្តង់ដារ​។ ឯកឧត្តម​បាន​បញ្ជាក់ថា តាម​ការពិនិត្យ​ជាក់ស្តែង ភ្លើង​ដែល​បានធ្វើ​ហើយ​រួចរាល់​ទាំងនេះ មិនទាន់មាន​ពន្លឺ​គ្រប់គ្រាន់ សម្រាប់​ការប្រកួត​បាល់ទាត់​ពេលយប់​នៅឡើយ​ទេ​។​

​ជាមួយ​សមិទ្ធផល និង​អ្វី​ដែលជា​កាដូ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់ជូន​អ្នក​ខេត្តកំពត​ទាំងនេះ លោក អ៊ី​ន សាវឿន ពលរដ្ឋ​រស់នៅក្នុង​ក្រុង​កំពត ដែល​តែង​មក​ហាត់ប្រាណ​រៀងរាល់​ល្ងាច​បាន​រៀបរាប់ថា ក្រោយពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​អភិបាល​ខេត្តកំពត លោក ចាន់ ចេស្តា បានធ្វើឱ្យ​ពហុ​កីឡដ្ឋាន​ខេត្ត មានការ​រីកចម្រើន និង​សមិទ្ធ ផល​នានា កើត​ឡើងជា​ហូរហែ​។ សមិទ្ធផល​ទាំងនេះ បានធ្វើឱ្យ​ពលរដ្ឋ មន្ត្រីរាជការ ប្អូនៗ​យុវជន​សប្បាយរីករាយ ដោយមាន​ឱកាស​ដើរ​ហាត់ប្រាណ ហាត់​កីឡា​គ្រប់​ប្រភេទ​។

​អ្នក​ហាត់ប្រាណ​ដដែល​នេះ បាន​បន្តថា បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា សម្តេច ហ៊ុន សែន ផ្តល់​ថវិកា​៣៥​ម៉ឺន​ដុល្លារ តាមរយៈ​លោក សៅ សុខា ដើម្បី​បំពាក់​ភ្លើង​បំភ្លឺ​បន្ថែម​នោះ ពលរដ្ឋ​មាន​សេចក្តី​សោម​ស្ស​ក្រៃលែង ព្រោះនេះ​ជា​កាដូ និង​ជា​មោនភាព​បំផុត​សម្រាប់​ខេត្តកំពត​។​

​សូមបញ្ជាក់ថា ពហុ​កីឡដ្ឋាន​ខេត្តកំពត បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​ឯកជន​មួយរយៈ​ពេល​យូរ ក្រោម​អំណាច​ស​.​ជ​.​ណ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។ ដោយ​សង្កេតឃើញថា ក្រុមហ៊ុន​មិន​អនុវត្ត​ត្រឹមត្រូវ​តាម​កិច្ចសន្យា ទើប​ប្រមុខ​រាជរដ្ឋា ភិបាល​កម្ពុជា​តាមរយៈ​សំណើសុំ​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ​បានសម្រេច ដកហូត​មក​គ្រប់គ្រង​វិញ​។

​ក្រោយពី​ក្លាយជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ពេញលេញ លោក ចាន់ ចេស្តា អភិបាល​ខេត្តកំពត បាន​ខិតខំ​អភិវឌ្ឍ​តាមរយៈ​ការ​កៀរគរ​សប្បុរសជន ក្នុងការ​បង្កើត​សមិទ្ធផល​ផ្សេងៗ ដោយ​បញ្ចៀស​ពី​ការប្រើប្រាស់​ថវិការដ្ឋ ខណៈដែល​ពហុ​កីឡដ្ឋាន​មួយ​នេះ អាចជា​គោលដៅ នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ខាងមុខ​ផង​នោះ​៕